បង្អកស្រាឪឱ្យស្រវឹង រំលោភកូនស្រី
ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ2013, ម៉ោង 05:23 AM ដោយ៖ ចាន់ សុខលន់
ពាក្យចាស់ពោលថា “ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ព្រមតែមានចិត្តធម៌ ក៏បានរាប់អានបុរសពោះម៉ាយម្នាក់ ដែលរសាត់អណ្តែតគ្មានគោលដៅ ព្រោះត្រូវម្តាយកាត់កាល់ចោល ឱ្យចេញចូលដេកស៊ីក្នុងផ្ទះ។ ទីបំផុត បុរសខ្ចាត់ព្រាត់នោះ ក៏ប្រើ ល្បិចយកស្រាមកបង្អកបុរសជាឪពុកឱ្យស្រវឹង រួចចាប់រំលោភកូនស្រី...។
ថ្មីៗនេះ មានករណីរំលោភសេពសន្ថវៈទៅលើ ក្មេងស្រីម្នាក់ បានកើតឡើងនៅក្នុងភូមិបុស្សទន្លាប់ ឃុំ ចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដោយ បុរសពោះម៉ាយម្នាក់ ដាច់ចំណីយូរជូរមាត់ បានចាប់រំលោភក្មេងស្រីម្នាក់ រហូតបានសម្រេច ដល់ទៅ៣ដង។ ចុងក្រោយត្រូវបានក្មេងស្រីរត់ទៅប្តឹង ទើបបែកការណ៍ ត្រូវសមត្ថកិច្ចមូលដ្ឋាន ចាប់ខ្លួនបញ្ជូនមកកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
អ្នកស្រីរឿន សំបូរ អាយុ៥០ឆ្នាំ ជាម្តាយក្មេងស្រី រងគ្រោះ ដែលត្រូវបុរសពោះម៉ាយរំលោភ បានរៀបរាប់ប្រាប់ទាំងឈឺចាប់ថា គាត់បានរៀបការជាមួយប្តី ឈ្មោះកែវ បិន សព្វថ្ងៃ អាយុ៥១ឆ្នាំ អស់រយៈពេល ២៥ឆ្នាំមកហើយ ដោយបង្កើតកូនបាន៦នាក់ (ប្រុស២ ស្រី៤) ឯកូនស្រីដែលរងគ្រោះ មានឈ្មោះស.ស អាយុ ១៤ឆ្នាំ ជាកូនទី៣។ នៅក្នុងផ្ទះ មានតែកូនស្រីម្នាក់ នេះទេ ដែលធំល្មមអាចមើលថែប្អូនៗបាន ព្រោះគាត់មានជំងឺប្រចាំកាយ មិនសូវបាននៅផ្ទះជាប់លាប់ទេ ដោយខំស្វះស្វែងដើររកគ្រូខ្មែរព្យាបាលជំងឺ ដែលរ៉ាំរ៉ៃ អស់ជាច្រើនឆ្នាំមកហើយ ម៉្យាងក៏សម្អាងលើប្តីជាអ្នកមើលថែកូនៗដែរ ប៉ុន្តែ ដឹងអី! បែរជាប្តីប្រមឹកស្រលាញ់ ដបស្រាជាងប្រពន្ធកូន ទើបផ្តល់ឱកាសឱ្យជនកំហូច ឆ្លៀតយកស្រាមកបង្អកឱ្យស្រវឹង រួចចាប់រំលោភកូនស្រីទៅវិញ។
អ្នកស្រីបន្តថា ប្តីគាត់បានជួយយកអាសាបុរស ពោះម៉ាយ ២ភ្លើងម្នាក់នេះ ឈ្មោះហុង គីមសត់ អាយុ៣៥ ឆ្នាំ ជាអ្នកភូមិជាមួយគ្នា ដែលត្រូវបានម្តាយកាត់កាល់ លែងរាប់រក ក៏ត្រូវប្តីគាត់អាណិតហុចបាយហុចទឹក និងអនុញ្ញាតឱ្យចេញចូលផ្ទះ ដោយស្រលាញ់ទុកដូចជាកូនម្នាក់ដែរ តែបែរជាឆ្លៀតពេលគាត់មិននៅរវល់ទៅមើលជំងឺ បុរសពោះម៉ាយខ្ចាត់ព្រាត់នោះ ក៏យកស្រាមក វាតវង់ផឹកជាមួយប្តីគាត់ឱ្យស្រវឹង រួចចាប់រំលោភកូនស្រីគាត់ បានសម្រេចដល់ទៅ៣ដង។ បន្ទាប់មក កូនស្រី គាត់ទ្រាំមិនបានក៏រត់មកប្តឹង ទើបសមត្ថកិច្ចចាប់បុរស កំហូចនោះ យកទៅញាត់ទ្រុងដែក។
លោកកែវ បិន អាយុ៥១ឆ្នាំ ជាឪពុកក្មេងស្រី រងគ្រោះ បានឱ្យដឹងថា ជនសង្ស័យនេះជាមនុស្សកំហូច ដែលត្រូវបានប្រពន្ធ២នាក់ រត់ចោល ព្រោះតែទ្រាំមិនបាន ហើយធ្លាប់ដុតផ្ទះម្តាយខ្លួនឯងចោល។ មិនតែប៉ុណ្ណោះ គ្រាន់តែគេចូលមករស់នៅភូមិនេះភ្លាម ធ្វើឱ្យអ្នកស្រុកបាត់អស់មាន់ទា សូម្បីដំណាំក៏មិនសល់ដែរ។ ដំបូងឡើយ លោកមិនប្រកាន់អ្វីទេ ដោយឃើញបងប្អូន និងម្តាយរបស់គេ លែងរាប់រក ក៏អាណិតហុចបាយ ហុចទឹកយកតែបុណ្យទៅ ម៉្យាងដោយនឹកឃើញពាក្យ ចាស់ថា “ឈើកោងធ្វើកង់ ឈើត្រង់ធ្វើកាំ” ហេតុនេះ ត្រឹមបាយទឹកបន្តិចបន្តួច ចាត់ទុកថា ជួយយកអាសា មនុស្សក្នុងគ្រាលំបាកទៅចុះ។
លោកកែវ បិន បន្តថា ពេលនេះ ស្រាប់តែគេបែរជាហ៊ានយកស្រាមកបង្អកលោក រួចចាប់រំលោភកូនស្រី រហូតដល់ទៅ៣ដង ទើបដឹង។ លោកមានកំហុសធ្ងន់ណាស់ មិនគួរយកអាសាមនុស្សពាលយ៉ាងនេះទេ។
អ្នកស្រីរ៉ត ភូមរ៉ា អាយុ៤៣ឆ្នាំ ជាអនុប្រធាន ភូមិ និងជាក្រុមទ្រទ្រង់បណ្តាញសុខភាពភូមិ បានប្រាប់ ថា នៅថ្ងៃកើតហេតុនោះ ក្មេងស្រីរងគ្រោះបានរត់មក ផ្ទះអ្នកស្រី ទាំងត្រហេបក្រហបប្រាប់ថា បុរសកំហូច ឈ្មោះហុង គឹមសត់ បានចាប់រំលោភនាងរហូតដល់ ទៅ៣ដងរួចមកហើយ។ លើកទី១ ខណៈដែលម្តាយ នាងរវល់ទៅស៊ីឈ្នួលច្រូតស្រូវឱ្យគេ ពេលនោះ ជនសង្ស័យ បានចាប់រំលោភនាងនៅលើផ្ទះ រហូតបានសម្រេច រួចគំរាមសម្លាប់ទៀតផង។ លុះលើកក្រោយៗ ពេលម្តាយនាងរវល់ទៅព្យាបាលជំងឺ ជនកំហូចនេះ បានទៅទិញស្រាមកផឹកជាមួយឪពុកនាងឱ្យស្រវឹងដាប ទើបគេចូលចាប់នាងរំលោភ។ លុះលើកចុងក្រោយ គេបានប្រើល្បិចលួងលោមនាង មករំលោភនៅក្នុងចម្ការចេក ចម្ងាយ២គីឡូម៉ែត្រ ពីផ្ទះនាង។ ក្រោយពីទទួលបានដំណឹងនេះភ្លាម អ្នកស្រីក៏រាយការណ៍ទៅ សមត្ថកិច្ច រួចចុះធ្វើការឃាត់ខ្លួនតែម្តង។
លោក អ៊ិត សំអាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំចំណោម បានឱ្យដឹងថា ដោយមានពាក្យបណ្តឹងពី ក្មេងស្រីរងគ្រោះ ទើបលោកបានចុះឃាត់ខ្លួនជនសង្ស័យ ឈ្មោះហុង គឹមសត់ អាយុ៣៥ឆ្នាំ ពីបទរំលោភសេពសន្ថវៈលើអនីតិជន រួចក៏បានរៀបចំសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត។
អ្នកស្រីសុខ រើន អាយុ៦៥ឆ្នាំ ជាម្តាយជនសង្ស័យ បានឱ្យដឹងថា កន្លងមក កូនប្រុសនេះ ធ្លាប់រត់ចោលគាត់ ដោយនាំទាំងកូនម្នាក់ទៅជាមួយផង។ ដោយឃើញតែលតោលអាណិតពេក គាត់ក៏នាំទៅចាប់ដី នៅខេត្តឧត្តរមានជ័យ បាន៤ហិកតារ ដើម្បីធ្វើស្រែចម្ការ។ តែដោយវក់នឹងរឿងស្រាខ្លាំងពេក ថ្ងៃមួយ កូនអប្រិយនេះ ក៏បានដុតផ្ទះ ដែលសង់សម្រាប់ដេកចាំចម្ការនោះ ឆេះខ្ទេចអស់ រួចគេមករស់នៅស្រុកមង្គលបុរី នេះ ដោយអុកឡុកលួចមាន់ទាអ្នកស្រុក ស្ទើរអស់ ហើយសូម្បីតែផ្ទះដែលគាត់រស់នៅសព្វថ្ងៃ ក៏កូនប្រុសលួចគាស់ក្តារ យកទៅលក់ទិញស្រាផឹក ដែរ។ គាត់ក៏កាត់កាល់លែងរាប់រក ស្រាប់តែក្រោយ មកឮដំណឹងថា ប៉ូលិសចាប់ ព្រោះរំលោភក្មេងស្រី មិនទាន់គ្រប់អាយុទៅវិញ ប៉ុន្តែ អ្នកស្រីហាក់បានធូរចិត្តបន្តិច ពេលដែលប៉ូលិសបានចាប់កូនអកតញ្ញូម្នាក់ នេះដាក់គុក ព្រោះដូចបានដកបន្លាពីទ្រូងអ៊ីចឹង ហើយ សង្ឃឹមថា ពេលចេញពីគុកមកវិញ គេនឹងចេះកែខ្លួន ធ្វើជាមនុស្សត្រឹមត្រូវវិញមិនខាន ៕
បង្អកស្រាឪឱ្យស្រវឹង រំលោភកូនស្រី
Reviewed by Star Clips
on
8:44:00 PM
Rating:
