ការរៀបចំខ្លួនក្នុងការជូនដំណើរដូនតាទៅកាន់ភពដើមវិញ
ដោយ៖ ថុល ស្រីលក្ខណ៍ / ថ្ងៃសុក្រ ទី4 ខែតុលា ឆ្នាំ 2013
នៅថ្ងៃចុងបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល១៥ថ្ងៃ ប្រជាពលរដ្ឋខ្មែរ មិនដែលបំភ្លេចទេ នូវពិធីសែនជូនដំណើរជីដូនជីតាទៅភពរបស់ពួកគាត់វិញ។ នៅក្នុងពិធីនេះ ប្រជាពលរដ្ឋបានធ្វើជាកន្ទោង ឬកាត់ស្រទបចេកចងក្បាល និងកន្ទុយធ្វើជាទូក ដែលមានដាក់សំណែន ដូចជាប្រហុក អំពិល អង្ករ សណ្តែក ល្ងរ និងគ្រឿងសំណែនផ្សេងៗទៀត ដែលដាក់ជាកញ្ចប់តូចៗ និងមានដុតទៀន ធូប ភ្ជាប់ជាមួយការបួងសួងផងនោះ។
ព្រះចៅអធិការវត្តស៊ឹម ពលី និងជាទីប្រឹក្សាផ្ទាល់សម្តេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូសិរីវង្សាសុំ សុខា មានថេរដីការ បកស្រាយពីដំណើរនៃពិធីសែនជូនដំណើរដូនតាយ៉ាងដូច្នេះថា ពិធីនេះមិនមែនជាពិធីរបស់ព្រះពុធទ្ធសាសនាទេ ហើយក៏មិនមានចែងនៅក្នុងតម្រាឬព្រះត្រៃបិដកដែរ។ ព្រះអង្គមានថេរដីការថា វាជាទំនាមទំលាប់ប្រពៃណីដែលខ្មែរយើងនិយមធ្វើតៗគ្នាតែប៉ុណ្ណោះ ៖ "តាមពិតទៅប្រពៃណីនេះ មិនមែនជាប្រពៃណីរបស់ព្រះពុទ្ធសាសនាយើង ដែលព្រះពុទ្ធបរម្យគ្រូ ឬក៏មានធម៌វិន័យកន្លែងណាមួយ បញ្ញត្តិឲ្យ បរិសាទ ធ្វើពិធីនោះទេ។ ប៉ុន្តែដោយហេតុថា ពិធីនេះជាពិធីប្រពៃណីខ្មែរយើង ដែលបុរាណកាលលោកពោលថា ពុំអាចខកខានធ្វើពិធី ព្រោះប្រពៃណីធំពេកក្រៃ ទោះក្រលំបាកយ៉ាងណាក្តី លៃធ្វើឲ្យបានលំអានចាស់ ចឹងពិធីនេះជាពិធីលំអានចាស់ ហើយជារបៀបបុរាណ។ តាមពិតទៅនៅក្នុងពិធីភ្ជុំបិណ្ឌខ្មែរយើងមានទស្សនៈថា រយៈកាល១៥ថ្ងៃនេះ គឺលោកយមបាលលោកដោះលែង ព្រលឹងវិញ្ញាណក្ខន្ធញាតិការបស់យើងដែលគាត់បានទៅកើតជាប្រេត ជានរក ដោយទុកលំបាកអត់មានអាហារបរិភោគ កន្លះខែណឹងគឺគេបើកផ្លូវឲ្យគាត់បើកផ្លូវឲ្យមករកបងប្អូន ញាតិមិត្ត អីចឹង គ្រប់ថ្ងៃទី១៥ណឹងគេនឹងនាំគាត់ត្រលប់ទៅវិញហើយ"។
ព្រះតេជព្រះគុណ សុំ សុខា បានពន្យល់បន្ថែមថា នៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរជួបជុំបងប្អូនញាតិមិត្ត ធ្វើពីធីសែនព្រេនដូនតា បន្ទាប់ពីនោះ ពួកគេបានយកកន្ទោងដាក់គ្រឿងសំណែន ដុតធូប អុចទាន និងដាក់បណ្តែត តាមទឹក ៖ "ក្រោយពេលដែលគេធ្វើកន្ទោងរួចហើយ ក្នុងនោះគេកាត់នំ ដាក់បាយ អង្ករ បាយស បាយក្រហម ឲ្យល្មមសមគួរកុំឲ្យយើងដាក់ក្នុងទឹកទៅលិច ហើយជីដូនជីតាគាត់ទៅរាប់ចំពិធី នៅផ្ទះគាត់រាបចំបាយទឹក នំអណ្សម ហៅជីដូនជីតាជួបជំគ្នាធ្វើពិធីសែនព្រែន ហើយពាក្យថា ភ្ជំផ្ជរណឹងមានន័យថា ជួបជុំ ដូច្នេះបងប្អូនកូនចៅទាំងអស់ឈប់សម្រាកពីការងារដើម្បីជួបជំបងប្អូន ហើយឆ្លៀតឱកាសពេលណឹងគេ សែនព្រែនរំលឹកដល់ម៉ែឪដែលចែកឋានទៅ រួចយកកន្ទោងនោះទៅបណ្តែតក្នុងទឹក រួចដុតធូប ដុតទានឧទ្ធិសបញ្ជូន ដល់វិញ្ញាណក្ខន្ធរបស់ពួកគាត់ទៅ ហើយឲ្យពួកគាត់ងាកក្រោយថែរក្សាកូនចៅ ឲ្យកូនចៅរកស៊ីត្រជាក់ត្រជុំ ដូចទឹកក្នុងបឹងឬក្នុងទន្លេអញ្ចឹង"។
អ្នកស្រី ស្រីពៅ នៅរាជធានីភ្នំពេញមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំគាត់តែងតែធ្វើពិធីនេះ តែគាត់មិនសូវដឹងអំពីពិធីនេះនោះទេ គឺធ្វើតាមតែចាស់ៗប្រាប់ ៖ "ចាគេធ្វើតើ នៅពេលភ្ជំថ្ងៃណឹងអីចឹង ស្អែកឡើងគេនាំគ្នាទៅបណ្តែតដូនតា ដើម្បីជូនដំណើរគាត់ឲ្យត្រលប់ទៅកន្លែងគាត់ចាស់វិញ។ គេមានដាក់អង្ករ សណ្តែក អំបិល ល្ងរ នំអន្សម កាត់កង់ៗ ដុតទាន បណ្តែតទូកជូនដំណើរគាត់ឲ្យគាត់ត្រលប់ទៅវិញ ហីឲ្យគាត់មានចិត្តសប្បាយរីករាយជាមួយកូនចៅ"។
សម្រាប់លោកមាស លី ដែលជាអាវត្តរតនៈរង្សី នៅខេត្តកំពង់ចាម មានប្រសាសន៍ថា ប្រជាពលរដ្ឋតែងតែធ្វើពិធីនេះគ្រប់ៗគ្នា ដោយសារពួកគេមានជំនឿថា នៅថ្ងៃបញ្ចប់នេះ ជីដូនជីតា ដែលបានមកជួបជុំកូនចៅនឹងត្រលប់ទៅភពរបស់ពួកគាត់វិញ ៖ "ភ្ជុំហើយ ថ្ងៃ១រោចហៅថា ថ្ងៃឆ្លង បុរាណពីដើមធ្វើជាកន្ទោង រូបទូក លោកដាក់អន្សម នំគម នំបត់ កំពង មានទានធូប មានទង់ជ័យ ទង់ជ្រុង បណ្តែតទៅតាមស្រះ បើមានទន្លេបណ្តែតតាមទន្លេ សំដៅទៅយកព្រះជង្គង់កែវនៅក្នុងឋាននាគ ដើម្បីអនិសង្ឃនៃការជូនកុសល ពពួកនៃប្រែតទាំងឡាយ ជូនកុសដល់មាតុបិតាទាំងឡាយផង ដល់ព្រះជង្គងកែវផងដែលឋិតនៅឯឋានភុជង្គនាគឯណោះ"។  
បើទោះជាយ៉ាងណា ព្រះតេជ្ជគុណ សុំ សុខា បានពន្យល់បន្ថែមថា ពីធីនេះជាពិធីបែបព្រហ្មមញ្ញសាសនា ទើបភាគច្រើនប្រជាពលរដ្ឋជ្រើសរើសយកពេលរសៀលដើម្បីធ្វើពិធីបណ្តែតកន្ទោងនេះ ៖ "ព្រោះពិធីសែន ពិធីព្រេននេះ មិនមែនជាពិធីកាន់របស់ព្រះពុធសាសនាទេ គឺជាពិធីកាន់របស់ព្រហ្មសាសនា។ ខ្មែរយើងពីដើមគាត់បានគោរពទៅលើអទិទេព ទៅលើព្រហ្មសាសនា តែក្រោយមកគឺត្រឹមពុទ្ធសករាជ ២៣៤នេះទេ ដែលមានព្រះពុទ្ធសាសនាហូរចូលស្រុកខ្មែរមក ខ្មែរយើងក៏មិនអាចកាត់ផ្តាច់នូវព្រហ្មសាសនាទេ ថ្វីត្បិតតែគាត់បានកាន់ព្រះពុទ្ធសាសនាមែន តែមានចំណុចខ្លះគឺយើងនូវច្របាច់បញ្ចូលគ្នាទាំងវប្បធម៌ ប្រពៃណីទំនាមទំលាប និងអត្តចរឹក ទើបយើងអាចរស់នៅជាមួយគ្នាបាន"។
ពិធីសែនជូនដំណើរដូនតា ជាពិធីចុងក្រោយ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរ បានធ្វើបុណ្យដាក់បិណ្ឌ នៅតាមវត្តអារាមនានារយៈពេល១៥ថ្ងៃ។ ពិធីនេះ ពួកគេមានជំនឿថា ជីដូនជីតាដែលបានចែកឋានទៅ បានធ្លាក់ខ្លួនកើតជាប្រេត យមបាលបានដោះលែង និងត្រូវត្រឡប់ទៅពីភពរបស់ពួកគាត់វិញ ដូច្នេះទើបពួកគេធ្វើពិធីជូនដំណើរ៕
ការរៀបចំខ្លួនក្នុងការជូនដំណើរដូនតាទៅកាន់ភពដើមវិញ
![]() Reviewed by Star Clips
        on 
        
6:07:00 AM
 
        Rating:
 
        Reviewed by Star Clips
        on 
        
6:07:00 AM
 
        Rating: 
       
 
 
 
 
