Top Ad unit 728 × 90

សកម្មភាព​នៃ​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ

សកម្មភាព​នៃ​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ

រឿង​ប្រឡង​ប្រជែង​ក្នុង​ឆមាស​ទី ១ ឆ្នាំ ១៩៥៤
 


ការ​ស្ថាបនា​គ្រឹះស្ថាន
លោក ស្រី - អ៊ូ
នៅ​សង្កាត់​លេខ ៦ ភ្នំពេញ តែង
( ជាប់​លេខ ១ )
 ឆ្នាំ​ទី​២៦ លេខ១១ ព.ស ២៤៩៧ គ.ស ១៩៥៤
 
            គ្រឹះហា, លំនៅ​របស់​មនុស្ស ដែល​សង់​ដោយ​ឈើ, ឫស្សី, ឥដ្ឋ​នឹង​ស៊ីម៉ងត៍​ជា​ដើម ហៅ​ថា « ផ្ទះ » ។ ផ្ទះ​របស់​ខ្មែរ​យើង​មាន​សណ្ឋាន​ទ្រង់​ទ្រាយ​ប្លែក ៗ គ្នា អ្នក​ខ្លះ​ធ្វើ​តូច អ្នក​ខ្លះ​ធ្វើ​ធំ អ្នក​ខ្លះ​ធ្វើ​វែង អ្នក​ខ្លះ​ធ្វើ​ខ្លី ហើយ​មាន​ឈ្មោះ​ច្រើន​យ៉ាង តែ​ឈ្មោះ​ដែល​ល្មម​កំណត់​ចាំ​បាន​គឺ​ផ្ទះ​រោង​ដោល, ផ្ទះ​កឹង, ផ្ទះ​ខ្មែរ, ផ្ទះ​ប៉ិត, ផ្ទះ​កន្តាំង នឹង​ផ្ទះ​ហោតិល ។
គោល​នៃ​ការ​តែង​រឿង​ផ្ទះ​ទាំង​នេះ​មាន ៧ យ៉ាង​គឺ
            ទ្រង់​ទ្រាយ​ផ្ទះ,
            រជ្ជកាល​ដែល​គេ​ធ្វើ​ផ្ទះ,
            ល្វែង​ផ្ទះ,
            ការ​រចនា​ផ្ទះ​ប្លែក ៗ គ្នា,
            របៀប​ធ្វើ​ផ្ទះ​ធំ​នឹង​ផ្ទះ​បាយ,
            ពិធី​លើក​ផ្ទះ,
            ពិធី​ឡើង​ផ្ទះ ។
            មាន​សេចក្ដី​អធិប្បាយ​ដូច​ត​ទៅ​នេះ៖

ទ្រង់​ទ្រាយ​ផ្ទះ
            ក) ផ្ទះ​រោង​ដោលៈគេ​ធ្វើ​រាង​វែង​ស្ទង មាន​ដៃ​ស្នា​ចាប់​គល់​ផ្ទោង​ចែង​ទាំង​ពីរ​ខាង មាន​ហោ​ជាង​តូច​ទាប​ទ្រនាប់​ត្រង់​ប្រជុំ​ហប់ មាន​ទាំង​ហប់​មុខ​ហប់​ក្រោយ​ទេ ហៅ​ថា « ផ្ទះ​កំបុត​ហប់​ក្រោយ » ។ បាន​ជា​គេ​ធ្វើ​កំបុត​ហប់​ក្រោយ​ដូច្នេះ ព្រោះ​ខ្វះ​គ្រឿង​ទព្វ​សម្ភារៈ​ចំពោះ​ជន​អ្នក​មិន​សូវ​មាន​ភោគ​ទ្រព្យ ។ ប៉ុន្តែ​អ្នក​មាន​ជន​បទ​ខ្លះ ហៅ​ផ្ទះ​រោង​ដោល​ដែល​កំបុត​ហប់​ក្រោយ​នេះ​ថា « ផ្ទះ​រោង​ឌឿង » ទៅ​វិញ​ក៏​មាន ។
            ផ្ទះ​រោង​ដោល អ្នក​ខ្លះ​ធ្វើ​សសរ​ទ្រូង ៣ មាន ៤ ល្វែង, បើ​គេ​ធ្វើ​សសរ​ទ្រូង ៤ មាន ៥ ល្វែង ហើយ​មាន​តែ​មួយ​ថ្នាក់ គេ​ជីក​ដាំ​សសរ​ទៅ​ក្នុង​ដី មិន​សូវ​មាន​ដំកល់​ថ្ម​ទេ ។ ផ្ទះ ៤ ល្វែង​ក្ដី ៥ ល្វែង​ក្ដី គេ​បាំង​ជញ្ជាំង​ទ្រូង​ត្រង់​សសរ​ទ្រូង​ខាង​លិច ។ ល្វែង​កណ្ដាល​ហៅ​ថា « ល្វែង​ចាន់ » ជា​ល្វែង​សម្រាប់​ដេក, ល្វែង​ខាង​មុខ​សម្រាប់​ទទួល​ភ្ញៀវ, ល្វែង​​ខាង​លិច ( ល្វែង​ក្នុង ) មួយ​ចំហៀង​ខាង​ត្បូង ក្បែរ​ជញ្ជាំង​ខាង​លិច​បាំង​ធ្វើ​ជា​ជង្រុក​ស្រូវ, មួយ​ចំហៀង​ខាង​កើត​នៃ​ជង្រុក​ស្រូវ​សម្រាប់​កូន​ក្រមុំ​នៅ ដាក់​ហឹប​សំពត់​អាវ​ផ្សេង ៗ, ល្វែង​ក្នុង​ចំហៀង​ខាង​ជើង​សម្រាប់​ដាក់​ជើង​ក្រាន​បាយ នឹង​ដាក់​ចាន​ឆ្នាំង​ពាង​ក្រឡ​ផ្សេង ៗ ( នេះ​និយាយ​ចំពោះ​ផ្ទះ គ្មាន​ផ្ទះ​បាយ នឹង​គ្មាន​ជង្រុក​ស្រូវ ) ។
( ត្រង់​នេះ ច្បាប់​ដើម មាន​គំរូរ​រូប​ផ្ទះ​រោង​ដោល នឹង​ប្រាប់​ខ្នាត​ផង )
            ខ ) ផ្ទះ​កឹងៈគេ​មាន​ដំបូល​ពីរ​ថ្នាក់ ខាង​ក្រោម​ធ្វើ​ជា​ពីរ​ថ្នាក់​ដែរ គេ​បាំង​ជញ្ជាំង​ថ្នាក់​លើ, ថ្នាក់​ក្រោម​គេ​ធ្វើ​បង្កាន់​ដៃ​ព័ទ្ធ​ជុំវិញ ។ តែ​ផ្ទះ​កឹង​នេះ ពួក​ឧបាសក​មិន​សូវ​ធ្វើ​នៅ​ទេ ច្រើន​តែ​ធ្វើ​នៅ​ក្នុង​វត្ត​សម្រាប់​សង្ឃរាជ ហៅ​ថា « កុដិកឹង »
( ត្រង់​នេះ ច្បាប់​ដើម មាន​គំរូរ​រូប​ផ្ទះ​កឹង នឹង​ប្រាប់​ខ្នាត​ផង )
            គ ) ផ្ទះ​ខ្មែរៈគេ​ធ្វើ​មាន​សសរ ៤ ជួរ កំពស់​ស្មើ​គ្នា មាន​ធ្នឹម​ទទឹង​ចាប់​ភ្ជាប់​នឹង​ក្បាល​សសរ​ជួរ​ក្នុង ហើយ​បណ្ដុះ​ជើង​គក​ធ្វើ​ជា​ដម្បូល​មាន​ដម្បូល​ស្រួច​ច្រាក​ចោត​ចុះ​មក មាន​ហោ​ជាង​ធំ​ខាង​ក្រោម ស្រួច​ឡើង​ទៅ​ខាង​លើ​មាន​តែ​ហប់​មុខ គ្មាន​ហប់​ក្រោយ​ទេ បុរាណ​ហៅ​ថា « ផ្ទះ​ខ្មែរ » មាន​ពីរ​ថ្នាក់ គឺ​ថ្នាក់​ខាង​មុខ​ជា​ថ្នាក់​ក្រោម​សម្រាប់​ទទួល​ភ្ញៀវ​ថ្នាក់​ខាង​ក្រោយ​សម្រាប់​នៅ, គេ​ច្រើន​តែ​ធ្វើ​តូច ហើយ​ខ្លី ៗ ទទឹង​ ៤ ម៉ែត្រ បណ្ដោយ ៦ ម៉ែត្រ ។ ផ្ទះ​ខ្មែរ​នេះ ច្រើន​តែ​លោក​សង្ឃ​ធ្វើ​កុដិ​នៅ​ក្នុង​វត្ត​អារាម ហៅ​ថា « កុដិ​ខ្មែរ »
( ត្រង់​នេះ ច្បាប់​ដើម មាន​គំរូរ​រូប​ផ្ទះ​ខ្មែរ នឹង​ប្រាប់​ខ្នាត​ផង )
            ) ផ្ទះ​ប៉ិតៈគេ​ធ្វើ​មិន​មាន​ដៃ​ស្នា​ចាប់​គល់​ផ្ទោង​ហប់​នឹង​គល់​ផ្ទោង​ចែង​ទេ គឺ​គល់​ផ្ទោង​ហប់​នឹង​គល់​ផ្ទោង​ចែង​មក​ចាប់​ត្រង់​ចុង​មេ​ដំបូល​ប្រជុំ​ក្បែរ​កាល​សសរ​ទ្រូង​ជា​ទី​បំផុត ។ គេ​មិន​សូវ​ធ្វើ​វែង​ស្ទង​ដូច​ផ្ទះ​រោង​ដោល​ទេ បើ​គេ​ធ្វើ​ទទឹង ៦ ម៉ែត្រ បណ្ដោយ ៩ ម៉ែត្រ ស្លាប​ជញ្ជាំង ៣ ម៉ែត្រ ៧ តឹក, ខាង​ក្រោម​ពី​ត្រឹម​ដី​ទល់​នឹង​រត ៣ ម៉ែត្រ ។ អ្នក​ខ្លះ​ធ្វើ​សសរ​ឈើ​ដំកល់​ថ្ម​បាទ​ក្រោម, អ្នក​ខ្លះ​រៀប​ឥដ្ឋ​ដល់​រត, អ្នក​ខ្លះ​ចាក់​ស៊ីម៉ងត៍​ទល់​នឹង​រត, អ្នក​ខ្លះ​ធ្វើ​សសរ​ទ្រូង ២ មាន ៣ ល្វែង, អ្នក​ខ្លះ​ធ្វើ​សសរ​ទ្រូង ៣ មាន ៤ ល្វែង, បើ​គេ​ធ្វើ​សសរ​ទ្រូង ៤ មាន ៥ ល្វែង ។
( ត្រង់​នេះ ច្បាប់​ដើម មាន​គំរូរ​រូប​ផ្ទះ​ប៉ិត នឹង​ប្រាប់​ខ្នាត​ផង )
            ) ផ្ទះ​កន្តាំងៈគេ​ធ្វើ​គ្មាន​ហប់​មុខ ហប់​ក្រោយ​ទេ អ្នក​ខ្លះ​ធ្វើ​រាង​វែង​មាន​សសរ​កន្លោង ឬ សសរ​ទ្រូង ៣ បណ្ដោយ​ចំនួន ១០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ​ក៏​មាន អ្នក​ខ្លះ​ធ្វើ​រោង​ខ្លី ៗ មាន​សសរ​ទ្រូង​តែ ២ បណ្ដោយ ៦ ម៉ែត្រ ទទឹង ៤ ម៉ែត្រ​ក៏​មាន ។
            កាល​ក្នុង​រជ្ជកាល​ព្រះ​ករុណា​រាជានុកោដ្ឋ នៅ​ស្រុក​ស្រែ​ចំការ មាន​តែ​ចិន​នឹង​យួន​ធ្វើ​ផ្ទះ​កន្តាំង​ជា​ផ្ទះ​ផ្សារ ឬ​ផ្ទះ​តៀម​នៅ​ផ្ទាល់​នឹង​ដី​សម្រាប់​លក់​ដូរ​ទំនិញ​ផ្សេង ៗ ។ ដល់​មក​រជ្ជកាល​ព្រះ​ករុណា​ខត្តិយកោដ្ឋ​នឹង​រជ្ជកាល​បច្ចុប្បន្ន​នេះ ប្រជាជន​ខ្មែរ​និយម​ធ្វើ​ផ្ទះ​កន្តាំង​ច្រើន​ណាស់ អ្នក​ខ្លះ​ធ្វើ​នៅ​ផ្ទាល់​នឹង​ដី អ្នក​ខ្លះ​ធ្វើ​ខ្ពស់​ឡើង​ជា​មួយ​ជាន់​ពីរ​ជាន់​ក៏​មាន ។ ផ្ទះ​កន្តាំង​នេះ គេ​ធ្វើ​ក្លាយ​ទៅ​ជា​បែប​ផ្សេង ៗ ទៀត​បាន គឺ​គេ​ធ្វើ​ដម្បូល​លើ ត្រង់​ខាង​មុខ​នឹង​ខាង​ក្រោយ ទម្លាក់​ជា​ហប់​បន្តិច ល្មម​ល្អ​មើល ហៅ​ថា « ផ្ទះ​កន្តាំង​ក្លាយ » បើ​គេ​ប៉ិត​ជ្រុង​ត្រង់​មេ​ដំបូល​ខាង​មុខ ខាង​ក្រោយ ឲ្យ​ខុប​ចុះ​បន្តិច ឲ្យ​មាន​សណ្ឋាន​ដូច​មាត់​សត្វ ហៅ​ថា « ផ្ទះ​កន្តាំង​ប៉ាកណុក » ( ពាក្យ​នេះ​ប្រហែល​ជា​មក​ពី​ភាសា​សៀម ) ។
            ផ្ទះ​កន្តាំង​ដែល​ពួក​ខ្មែរ​ធ្វើ​នៅ​សព្វ​ថ្ងៃ​នេះ អ្នក​ខ្លះ​គេ​ធ្វើ​ទទឹង ៦ ម៉ែត្រ​បណ្ដោយ ១០ ម៉ែត្រ ស្លាប​ជញ្ជាំង ៤ ម៉ែត្រ ខាង​ក្រោម ៣ ម៉ែត្រ​ខ្លះ​ពីរ​ម៉ែត្រ​ខ្លះ ( តាម​អ្នក​ស្រឡាញ់ ) ។
( ត្រង់​នេះ ច្បាប់​ដើម មាន​គំនូរ​រូប​ផ្ទះ​កន្តាំង នឹង​ប្រាប់​ខ្នាត​ផង )
            ) ផ្ទះ​ហោតិលៈគេ​មិន​ដែល​ធ្វើ​អំពី​ឫស្សី​នឹង​ឈើ​ទេ គេ​ធ្វើ​អំពី​ស៊ីម៉ងត៍ នឹង​ដែក ក្រួស ខ្សាច់ ឥដ្ឋ កំបោរ ធ្វើ​ជា​មួយ​ជាន់​ក៏​មាន ពីរ​ជាន់​ក៏​មាន បី​ជាន់​ក៏​មាន អ្នក​ខ្លះ​ធ្វើ​រាង ៤ ជ្រុង អ្នក​ខ្លះ​ធ្វើ​រាង​ជ្រុង​ទ្រវែង តាម​សេចក្ដី​ស្រឡាញ់ គេ​រៀប​ឥដ្ឋ​ធ្វើ​ជា​ជញ្ជាំង​ព័ទ្ធ​ជុំ​វិញ គេ​មិន​ធ្វើ​ផ្ទោងផ្លាន បង្កង់ ដៃ​រណែង ហើយ​ប្រក់​ក្បឿង​ទេ គឺ​គេ​រែង​សរសៃ​ដែក ហើយ​ចាក់​ក្រួស​ខ្សាច់​ស៊ីម៉ង់ត៍ រាប​ស្មើ​ពី​លើ​តែ​ម្ដង ហៅ​ថា « ផ្ទះ​ហោតិល » ។ ផ្ទះ​ហោតិល​នេះ អ្នក​ស្រែ​ចម្ការ​ក្នុង​កម្ពុជរដ្ឋ​យើង​គេ​មិន​សូវ​ធ្វើ​នៅ​ទេ, នៅ​ក្រុង​ភ្នំពេញ គេ​មាន​ធ្វើ​ច្រើន មាន​ដំណាក់​ព្រះ​អង្គ​ម្ចាស់​ចន្ទលេខា ជា​ដើម ធ្វើ​ដំណាក់​ហោតិល​មុន​គេ ។
( ត្រង់​នេះ ច្បាប់​ដើម មាន​គំនូរ​រូប​ផ្ទះ​ហោតិល នឹង​ប្រាប់​ខ្នាត​ផង )

២ - រជ្ជកាល​ដែល​គេ​ធ្វើ​ផ្ទះ
            តាំង​ពី​សម័យ​នគរ​វត្ត​រហូត​មក​ដល់​រជ្ជកាល​ព្រះ​ករុណា​សុវណ្ណ​កោដ្ឋ​ប្រជាជន​ខ្មែរ​យើង​ច្រើន​និយម​រាប់​អាន​ធ្វើ​ផ្ទះ​រោង​ដោល ផ្ទះ​កឹង នឹង​ផ្ទះ​ខ្មែរ ហើយ​ធ្វើ​បណ្ដោយ​ថ្ងៃ បែរ​មុខ​ចំ​ទៅ​ទិស​ខាង​កើត ជា​ការ​សំដែង​សេចក្ដី​គោរព​ចំពោះ​ព្រះ​អាទិត្យ ។ ព្រោះ​ទំនៀម​ខ្មែរ​សម័យ​បុរាណ​ជឿ​ថា ព្រះ​អាទិត្យ​ជា​នាម​នៃ​ទេវតា​ពួក​មួយ ជា​បុត្រ​នៃ​នាង​អទិតិ ។ បណ្ដា​បុត្រ​ទាំង​នោះ មាន​បុត្រ​មួយ​ឈ្មោះ​អាទិត្យ ឬ ឈ្មោះ សូរ្យា​ទិត្យ ជា​ទេវបុត្រ អ្នក​បំភ្លឺ​លោក ហៅ​ថា​ព្រះ​អាទិត្យ ។ សូម្បី​តែ​គេ​រៀប​មង្គលការ​កូន​ប្រុស​ស្រី​ក្ដី​ណា មុន​នឹង​ដង្ហែ​កូន​ប្រុស​ឡើង​ទៅ​ផ្ទឹម គេ​ឲ្យ​កូន​ប្រុស​នោះ​អង្គុយ​បទ​ជើង​បែរ​មុខ​ទៅ​ទិស​ខាង​កើត សំពះ​ព្រះ​អាទិត្យ​ដែល​ទើប​នឹង​រះ​ជា​មុន​ដែរ ហៅ​ថា « សំពះ​ពេលា ឬ​សំពះ​ព្រះ​អាទិត្យ », នេះ​ជា​សេចក្ដី​គោរព​ព្រះ​អាទិត្យ ។ គេ​ធ្វើ​ផ្ទះ​បែរ​មុខ​ទៅ​ទិស​ខាង​កើត ក៏​ជា​កិច្ច​គោរព​ព្រះ​អាទិត្យ ។ ( ទំនៀម​នឹង​ជំនឿ​នេះ ខ្ញុំ​បាន​ស្ដាប់​អំពី​សំណាក់​តា​សុខ នៅ​ឃុំ​ក្រោល​គោ ស្រុក ខែត្រ​ស្វាយរៀង គាត់​និយាយ​ប្រាប់​តាំង​ពី​ខ្ញុំ​មាន​អាយុ ១៧ ឆ្នាំ ) ។
            ប្រជាជន​ខ្មែរ​សម័យ​បុរាណ និយម​រាប់​អាន​ធ្វើ​ផ្ទះ​រោង​ដោល​នេះ​ជា​ច្រើន សឹង​មាន​នៅ​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ​ខ្លះ ដូច​យ៉ាង​នៅ​ភូមិ​ឃ្លាំង​ស្បែក នឹង​ភូមិ​ច្រាំង​ចំរែះ​ជា​ដើម ។ ដល់​មក​រជ្ជកាល​ព្រះ​ករុណា​រាជា​នុកោដ្ឋ ព្រះ​ករុណា​ខត្តិយកោដ្ឋ នឹង​រជ្ជកាល​បច្ចុប្បន្ន​នេះ គេ​ច្រើន​និយម​ធ្វើ​ផ្ទះ​ប៉ិត នឹង​ផ្ទះ​កន្តាំង​ច្រើន​ពន់ពេក អ្នក​ខ្លះ​ធ្វើ​បណ្ដោយ​ថ្ងៃ អ្នក​ខ្លះ​គេ​ធ្វើ​ទទឹង​ថ្ងៃ ។
ផ្ទះ​ល្វែង
            ផ្ទះ​នីមួយ ៗ វៀរលែង​តែ​ផ្ទះ​កន្តាំង​ចេញ បើ​គេ​ធ្វើ​សសរ​ទ្រូង​ពីរ មាន ៣ ល្វែង, បើ​គេ​ធ្វើ​សសរ​ទ្រូង ៣ មាន ៤ ល្វែង, បើ​គេ​ធ្វើ​សសរ​ទ្រូង ៤ មាន ៥ ល្វែង, ល្វែង​កណ្ដាល​ហៅ​ថា « ល្វែង​ចាន់ » សម្រាប់​ដេក​នៅ, ល្វែង​ហប់​ក្រោយ​សម្រាប់​កូន​ក្រមុំ​នៅ នឹង​ធ្វើ​ជា​ជង្រុក​ស្រូវ​ផង សម្រាប់​ដាក់​ចាន​ឆ្នាំង​ពាង​ក្រឡ​នឹង​ជើងក្រាន​បាយ​ផង, ល្វែង​ហប់​មុខ​សម្រាប់​ទទួល​ភ្លៀវ ( នេះ​ចំពោះ​ផ្ទះ​គ្មាន​ផ្ទះ​បាយ នឹង​ជង្រុក​ស្រូវ ) ។ ផ្ទះ​កឹង​នឹង​ផ្ទះ​ខ្មែរ គេ​ធ្វើ​មាន​ពីរ​ថ្នាក់ៈ ថ្នាក់​លើ​សម្រាប់​នៅ​នឹង​ដាក់​ទ្រព្យ​របស់​ផ្សេង ៗ ថ្នាក់​ក្រោម​សម្រាប់​អង្គុយ​លេង​កំសាន្ត នឹង​ទទួល​ភ្ញៀវ ។ ផ្ទះ​កន្តាំង បើ​គេ​ធ្វើ​សសរ​កន្លោង​ពីរ មាន​តែ ១ ល្វែង, បើ​ធ្វើ​សសរ​កន្លោង ៣ មាន ២ ល្វែង, បើ​ធ្វើ​សសរ​កន្លោង ៤ មាន ៣ ល្វែង ។ ផ្ទះ​កន្តាំង​នេះ គេ​ធ្វើ​ក្លាយ​ចេញ​ទៅ​ទៀត ច្រើន​បែប​ច្រើន​យ៉ាង​ណាស់​មិន​អាច​នឹង​កំណត់​បាន ។
ការ​រចនា​ផ្ទះ​ប្លែក ៗ គ្នា
            អ្នក​ស្រុក​ខ្លះ គេ​ធ្វើ​ផ្ទះ​រចនា​ផ្សេង ៗ ទៅ​តាម​ស្រឡាញ់ គឺ​ធ្វើ​តួ​ផ្ទះ​តែ​មួយ​តែ​ធ្វើ​ដម្បូល​លើ​ជា​ពីរ​ឬ​បី​ខ្នង បាំង​ជញ្ជាំង​តែ​ពីរ​ខ្នង ទុក​មួយ​ខ្នង​ធ្វើ​ជា​ហោណាំង, អ្នក​ខ្លះ​ធ្វើ​ផ្ទះ​ធំ​មួយ​ខ្នង ធ្វើ​ហោណាំង​មួយ​ខ្នង​ទៀត​បណ្ដោយ​តម្រៀប​គ្នា, អ្នក​ខ្លះ​ធ្វើ​ហោណាំង​ទទឹង​ពី​ខាង​មុខ​ផ្ទះ​ធំ, អ្នក​ខ្លះ​ធ្វើ​ផ្ទះ​ធំ​ត​សំយាប​ទម្លាក់​តាក បណ្ដោយ​ផ្ទះ​ធំ​ក៏​មាន, អ្នក​ខ្លះ​ទម្លាក់​តាក​ហប់​មុខ ឬ​ហប់​ក្រោយ​ក៏​មាន ។
ទំនៀម​ធ្វើ​ផ្ទះ​ធំ​នឹង​ផ្ទះ​បាយ
            ក្នុង​ភូមិភាគ​ស្វាយរៀង ខែត្រ​ស្វាយរៀង គេ​ធ្វើ​ផ្ទះ​ធំ​សម្រាប់​នៅ​ចំ​កណ្ដាល ផ្ទះ​បាយ​ខាង​លិច, ជង្រុក​ស្រូវ​ខាង​ជើង, រោង​គោ​ខាង​ត្បូង, ក្រោល​ក្របី​ខាង​កើត ( តែង​គេ​ច្រើន​ធ្វើ​ក្រោល​ក្របី​ខាង​ក្រៅ​ភូមិ ), អណ្ដូង​ទឹក​នៅ​ទិស​ឦសាន នឹង​ទិស​អគ្នេយ៍ នៅ​ខាង​ក្រៅ​ភូមិ, បង្គន់​ខាង​លិច​ផ្ទះ​ធំ ។
ពិធី​លើក​ផ្ទះ
            មុន​ដម្បូង គេ​លើក​ដី​ធ្វើ​ជា​ភូមិ បុក​បង្ហាប់​ឲ្យ​រាប​ស្មើ​ល្អ ប្រុង​ប្រៀប​គ្រឿង​ទព្វ​សម្ភារៈ​បាន​គ្រប់​គ្រាន់ ទើប​គេ​រើស​មើល​ថ្ងៃ - ខែ​ណា​ដែល​ល្អ​ល្មម​លើក​បាន ។ ខ្មែរ​បុរាណ​ច្រើន​និយម​លើក​ផ្ទះ​ក្នុង​ខែ​បុស្ស ផល្គុន ពិសាខ, ឯ​ខែ​អាសាធ ភទ្របទ នឹង​ខែ​កត្ដិក ភ្លៀង​ជោកជាំ​ពេក​គេ​មិន​សូវ​លើក​ផ្ទះ​ទេ ។ ថ្ងៃ​ដែល​ត្រូវ​លើក​ផ្ទះ​បាន​នោះ​គឺ​ថ្ងៃ​ពុធ, ព្រហស្បតិ៍ សុក្រ, សៅរ៍ ។ ខ្មែរ​សម័យ​ពី​ដើម​មិន​លើក​ផ្ទះ​ថ្ងៃ​អាទិត្យ​នឹង​ថ្ងៃ​ចន្រ្ទ​ទេ ព្រោះ​មាន​ពាក្យ​ទំនឹម​ទំនៀម​ថា « អាទិត្យ​ចន្រ្ទ​វៀរ​ការ​ឈើ​ផង » ប្រសិន​បើ​ចេះ​តែ​ទទូច​លើក ត្រូវ​ប្រយ័ត្ន​ឲ្យ​មែន​ទែន​ក្រែង​រលំ​មាន​គ្រោះ​ថ្នាក់ បាន​ជា​គេ​មិន​ដែល​លើក ។ ថ្ងៃ​អង្គារ ។ ថ្ងៃ​អង្គារ​លើក​ផ្ទះ​បាន​សុខ​ដែរ តែ​ធ្វើ​មិន​ហើយ ។ អ្នក​លើក​ផ្ទះ​ថ្ងៃ​អង្គារ ធ្វើ​មិន​ដែល​ហើយ​ទេ មុខ​ជា​បាំង​កន្ទេល​ខ្លះ​មិន​ខាន, ហេតុ​ទាំង​នេះ​ហើយ បាន​ជា​គេ​វៀរ​ថ្ងៃ ៣ នេះ​ចេញ, ក្រៅ​ពី​ថ្ងៃ ៣ នេះ លើក​បាន​សុខ​សប្បាយ​ទាំង​អស់ ។
            កាល​ដែល​នឹង​លើក​ផ្ទះ, មុន​ដម្បូង គេ​ដោត​ស្លា​ធម៌ ១ គូ អុជធូប​ទៀន និយាយ​បួងសួង​នឹង​កុម្មទេវតា​ដែល​ហៅ​ថា​ព្រះ​ភូមិ សុំ​ភូមិ​ហើយ​ទើប​គេ​វាស់​វែង​បែង​ក្រឡា​សសរ​ឲ្យ​ត្រង់​ជួរ តាម​ទទឹង​បណ្ដោយ​ហើយ​បាន​បោះ​ស្នឹង​ជា​គ្រឿង​សំគាល់ ហៅ​ថា « ខ្វែង​ភូមិ » ។ ដល់​ជីក​រណ្ដៅ​សសរ​គេ​ប្រយ័ត្ន​មិន​ឲ្យ​សម្រាម​ធ្លាក់​ក្នុង​រណ្ដៅ​នោះ​ទេ ដោយ​ខ្លាច​មាន​ភ្លៀវ​ឡើង​ផ្ទះ​ច្រើន។
            ពិធី​លើក​ផ្ទះ គេ​យក​សំពត់​ជា​តី​ចង​ជួត​ក្បាល​សសរ​ទ្រូង កណ្ដាល​ហើយ​យក​អំពៅ​ខ្មៅ​មួយ​ដើម ដក​ដោយ​ឫស​ខ្លះ​ផង មិន​កាត់​ចុង​ចេញ​ទេ គឺ​ទុក​ទាំង​ឫស​ទាំង​ចុង មក​ចង​ភ្ជាប់​បណ្ដោយ​សសរ​ទ្រូង​នោះ​ឲ្យ​ខ្ពស់​ហួស​ក្បាល​សសរ​បន្តិច រួច​គេ​រៀប​ពិធី​សែន មាន​ក្បាល​ជ្រូក​ស្ងោរ ១ មាន់​ស្ងោរ​មួយ​គូ ទឹក​តែ​ពីរ​ពែង ខ្លះ​មាន​ស្រា​មួយ​ដប នឹង​ផ្លែ​ឈើ ៤ ប្រាក់ ១ រៀល សំពត់​ស​មួយ​អាវ ទឹក​អប់ ១ ផ្តិល យក​ហឹប​គ្រឿង​ប្រដាប់​ធ្វើ​ផ្ទះ​របស់​មេ​ជាង​មក​ដាក់​ជាមួយ​ផង រួច​អាចារ្យ​សូត្រ​រលាស់​ទឹក​ដាក់​ក្បាល​សសរ​ទ្រូង​នោះ មេ​ជាង​គេ​និយាយ​បួងសួង​ដល់​ព្រះ​ពិស្ណុការ ហើយ​អាចារ្យ​វាយ​ឃ្មោះ ៣ អន្លូង ពួក​ជាង​ផ្ទះ​ក៏​នាំ​គ្នា​លើក​សសរ​ទ្រូង​ព្រឹប​ឡើង ។ គេ​យក​សំពត់​ជា​តី​កន្លះ​ម៉ែត្រ​គូរ​ជា​យ័ន្ត​ភ្នែក​ក្រួច​បោះ​ភ្ជាប់​ជា​កណ្ដាល​មេ​ដម្បូល ដើម្បី​ការពារ​ភ្លើង ( នេះ​ជា​ទំនៀម​របស់​អ្នក​ស្រុក​ស្វាយរៀង ក្នុង​សម័យ​បុរាណ, ដែល​គេ​ធ្វើ​យ៉ាង​នេះ ដើម្បី​នៅ​ឲ្យ​បាន​សេចក្ដី​សុខ​នឹង​ចំរើន​ភោគទ្រព្យ ) ។
ពិធី​ឡើង​ផ្ទះ
            កាល​គេ​ធ្វើ​ផ្ទះ​រួច​ហើយ គេ​មើល​ថ្ងៃ​ខែ​ដែល​ល្អ តាម​ទម្លាប់​ចំណាំ​របស់​គេ ដើម្បី​នៅ​ឲ្យ​បាន​សុខ​សប្បាយ ។
            នៅ​ជនបទ​ខ្លះ ដូច​យ៉ាង​នៅ​ស្រុក​ស្វាយរៀង កាល​ដែល​នឹង​ឡើង​ផ្ទះ គេ​អញ្ជើញ​បង​ប្អូន​ញាតិមិត្រ​ជិត​ឆ្ងាយ​មក​ចួបជុំ ដល់​ពេល​ព្រលប់ ( ម៉ោង ៧ ) និមន្ត​ព្រះ​សង្ឃ ៤ អង្គ​ចំរើន​បរិត្ត មាន​សូត្រ​ធម៌​ជីវិទាន​ផង​ខាន​មិន​បាន ជា​ទម្លាប់​របស់​គេ ។ កាល​ទៅ​និមន្ត​ព្រះ​សង្ឃ ត្រូវ​ពិត្រ​លោក​ថា « សូម​និមន្ត​ទៅ​សូត្រ​មន្ត​ឡើង​ផ្ទះ » ។ បើ​បាន​ពិត្រ​លោក​ដូច្នេះ ទើប​លោក​អាច​ចាត់​លោក​ដែល​ចេះ​ចាំ​ធម៌​ជីវិទាន​ឲ្យ​មក​សូត្រ​មន្ត ។ ពេល​ដែល​សូត្រ​មន្ត អ្នក​ម្ចាស់​ផ្ទះ​ទាំង​ប្ដី​ប្រពន្ធ​មក​អង្គុយ​ទន្ទឹម​គ្នា​ស្ដាប់​ធម៌​ដោយ​គោរព ហើយ​លោក​សូត្រ​ធម៌​ត្រជុះ​រលាស​ទឹក​មន្ត​ឲ្យ ។ លុះ​ព្រះ​សង្ឃ​ចំរើន​ព្រះ​បរិត្ត​ចប់​ហើយ អាចារ្យ​អ្នក​ចាត់ការ​មង្គល​ឡើង​ផ្ទះ​នោះ​ឲ្យ​ពរ​ដល់​អ្នក​ម្ចាស់​ផ្ទះ​ថា « ល្វែង​មុខ​ហៅ ល្វែង​សិរី, ល្វែង​កណ្ដាល ហៅ​ល្វែង​ចាន់, ល្វែង​ក្រោយ​ហៅ​ល្វែង​ល័ក្ខណ៍ » ហើយ​យក​អន្លូង​នឹង​ពន្លាក​មក​ដាប់​សសរ​កន្លោង​មុខ ៣ អន្លូង រួច​និយាយ​ថា « នែ​សសរ​កន្លោង ! អ្នក​ឯង​កាល​ពី​ដើម​ជា គគី ក្រកោះ ផ្ចិក សុក្រំ ឥឡូវ​គេ​លើក​អ្នក​ឯង​ឲ្យ​ធ្វើ​ជា​កន្លោង ត្រូវ​ព្រះ​កន្លោង​ឯង​ថែរក្សា​នូវ​អ្នក​នេះ​នាង​នេះ ដែល​ជា​ម្ចាស់​ផ្ទះ ព្រម​ទាំង​បុត្តធិតា​ឲ្យ​បាន​សេចក្ដី​សុខ ចំរើន កាក់កប​កើត​កាល​វាល​គុម្ព​ត្រជាក់​ត្រជំ​តាំង​ពី​ថ្ងៃ​នេះ​ត​រៀង​ទៅ » ។ អ្នក​ខ្លះ បញ្ចប់​កិច្ច​ឡើង​ផ្ទះ​ត្រឹម​សូត្រ​មន្ត​ប៉ុណ្ណេះ, អ្នក​ខ្លះ​ដល់​ព្រឹក​ឡើង​និមន្ត​ព្រះ​សង្ឃ​មក​វេភត្ត​ឆាន់​ម្ដង​ទៀត​ទើប​បញ្ចប់ ។
            នៅ​ដំបន់​ខ្លះ ដូច​យ៉ាង​ឃុំ​ផ្ទះ​កណ្ដាល ស្រុក​ព្រែក​ពោធិ៍ ខែត្រ​កំពង់ចាម គេ​លើក​ផ្ទះ​ពី​ព្រឹក ពេល​ល្ងាច​ឡើង​នៅ មិន​ឲ្យ​កន្លង​រាត្រី​ទេ​គឺ​គេ​ប្រុង​ប្រៀប​រៀប​គ្រឿង​ទព្វ​សម្ភារៈ​ឲ្យ​បាន​គ្រប់​គ្រាន់​ជា​ស្រេច ហើយ​ស្ដី​ញាតិមិត្រ​ជិត​ខាង​បាន​ចំនួន ៥០ ឬ ៦០ នាក់ មក​ជួបជុំ​ទើប​គេ​ឡើង​ផ្ទះ, ដល់​ពេល​ល្ងាច ( ម៉ោង ៦ កន្លះ ) បាន​ឡើង​នៅ ( ទំនៀម​នេះ​នៅ​មាន​ដល់​សព្វ​ថ្ងៃ ) ។
            ន័យ​មួយ​ទៀត ខ្ញុំ​បាន​ដឹង​បាន​ឮ​តា​អាចារ្យ​គល់នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​ខែត្រ​ស្វាយរៀង និយាយ​ប្រាប់​អំពី​ពិធី​ឡើង​ផ្ទះ​ថ្មី ដើម្បី​នៅ​ឲ្យ​បាន​សុខ​សប្បាយ​ថាៈ
            ទំនៀម​ឡើង​ផ្ទះ​ថ្មី គេ​តែង​ឲ្យ​យក​វត្ថុ​ផ្សេង ៗ ដែល​គេ​និយម​រាប់​អាន​ថា​ជា​របស់​មង្គល​ទៅ​ដាក់​ក្នុង​ផ្ទះ​គ្រប់​ទិស​ទាំង ៩ គឺៈ
            ទិសបូព៌                     ត្រូវ​ដាក់​ជើងក្រាន​បាយ ,
            ទិស​អគ្នេយ៍                ត្រូវ​ដាក់​តាំងយូ ឬ ឆ័ត្រ ,
            ទិស​ទក្សិណ              ត្រូវ​ដាក់​អង្ករ នឹង​ឆ្នាំង​បាយ,
            ទិស​និរតី                    ត្រូវ​ដាក់​ព្រះ​សង្ឃ​ឲ្យ​គង់​សូត្រ​មន្ត,
            ទិស​បស្ចឹម                  ត្រូវ​ដាក់​ព្រាល ធ្មៃ,
            ទិស​ពាយ័ព្យ               ត្រូវ​ដាក់​ភ្លុក​នឹង​គ្រឿង​ដែក,
            ទិស​ឧត្ដរ                             ត្រូវ​ដាក់​ស្រូវ នឹង​កញ្ជើ,
            ទិស​ឦសាន               ត្រូវ​ឲ្យ​ស្រ្ដី​មាន​គភ៌​អង្គុយ នឹង​ឆ្មា ហើយ​នឹង​គ្រឿង​ទង់​ដែង, ស្ពាន់,
            ត្រង់​កណ្ដាល ត្រូវ​ដាក់​កន្ទេល​ពូក​ខ្នើយ នឹង​គ្រឿង​សស្រ្ដាវុធ គឺ​ដាវ ឬ កាំភ្លើង ។
            កាល​បើ​បាន​ធ្វើ​ដូច​រៀបរាប់​មក​នេះ នឹង​កើត​សិរី​សួស្ដី​ដល់​ម្ចាស់​ផ្ទះ ។
            របស់​ដែល​ត្រូវ​ដាក់​តាម​ទិស​ទាំង​នេះ មិន​មែន​កំណត់​ឲ្យ​ទុក​យូរ​រហូត​ត​ទៅ​នោះ​ទេ គឺ​គ្រាន់​តែ​ឲ្យ​ដាក់​មួយ​គ្រា​ក្នុង​ពេល​ដែល​រៀប​ពិធី​ឡើង​ផ្ទះ​ប៉ុណ្ណោះ​ឯង, រួច​កិច្ច​ពេល​ណា ទោះ​បី​នឹង​រើរុះ​យក​ទៅ​ទុក​ដាក់​ក្នុង​ទី​ដ៏​គួរ​ក៏​បាន ឥត​មាន​អ្វី​ទាស់​ឡើយ ។

ចប់


ឥឡូវ​គាត់​អនិច្ចកម្ម​ទៅ​ហើយ ។
សកម្មភាព​នៃ​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ Reviewed by Star Clips on 9:38:00 AM Rating: 5
Power By: Now18 Plus

Contact Form

Name

Email *

Message *

Powered by Blogger.